Recent Post

Friday, October 28, 2016

អង់ស្យូស្ពែម


https://www.youtube.com/channel/UCZZmhhV-MF-CXvnDqQIqXmg?sub_confirmation=1
ទស្សនាវីដេអូបង្រៀនមេរៀន​អង់ស្យូស្ពែមខាងក្រោម (full)
 
អង់ស្យូស្ពែម​ជា​រុក្ខជាតិ​មាន​គ្រាប់​ដែល​ការពារ​ដោយ​សំបក។ អង់ស្យូស្ពែម​ឬ​រុក្ខជាតិ​មាន​ផ្កាមាន​ពីរ​ថ្នាក់​សំខាន់ៗ​គឺ​រុក្ខជាតិ​ម៉ូណូកូទីលេដូន និង​រុក្ខជាតិ​ឌីកូទីលេដូន។ កូទីលេដុង​ជា​ក្លែបគ្រាប់ដែលមាន​អំប្រ៊ីយ៉ុង(ពន្លក​ស្លឹក)នៅ​ខាង​ក្នុង​គ្រាប់។ រុក្ខជាតិ​ម៉ូណូកូទីលេដូន​មាន​គ្រាប់​ដែល​មាន​កូទីលេដុង​​មួយ ឯ​រុក្ខជាតិឌីកូទីលេដូន​មាន​គ្រាប់​ដែល​មានកូទីលេដុងពីរ។
. លក្ខណៈ​ពិសេស​នៃ​អង់ស្យូស្ពែម
.. សរីរាង្គ​លូតលាស់
.  ឫស :
ឫស​របស់​រុក្ខជាតិ​ជា​ផ្នែក​មួយ​ដែល​ធំ​ទូលាយ​ជាង​ផ្នែក​ដែល​នៅ​លើ​ដី។ ឫស​ជា​ផ្នែកយ៉ាងសំខាន់របស់រុក្ខជាតិ។ ឫសរបស់រុក្ខជាតិមាននាទីដូចជា ស្រូបទឹក និង​អំបិល​ខនិជពីដី​ទៅ​ដើម​និង​ស្លឹក ចងភ្ជាប់រុក្ខជាតិទៅនឹងដី និង​ស្តុក​ទុក​អាហារ​បម្រុង។
. ដើម :
ដើម​របស់​រុក្ខជាតិ​មាន​នាទី​ទ្រទ្រង់​ផ្នែក​ដែល​នៅ​លើ​ដី​របស់​រុក្ខជាតិ ដឹក​នាំ​សារធាតុ​រវាង​ឫស និង​ស្លឹក និង​មាន​នាទី​ស្តុក​ទុក​អាហារ​បម្រុង ហើយ​ផ្នែក​ដែល​ខ្ចី​នៃ​​ដើម​ក៏​មាន​នាទី​ធ្វើ​រស្មីសំយោគ​ផង​ដែរ។
ជាលិកា​សំខាន់​របស់​ដើម​រុក្ខជាតិ​គឺ បាច់​សរសៃនាំ (ស៊ីឡែម​និង​ផ្លូអែម)
- ស៊ីឡែម​មាន​នាទី​ដឹកនាំ​ទឹក និង​អំបិលខនិជ​ពី​ឫស​តាម​ដើម​ទៅ​កាន់​ស្លឹក​របស់​រុក្ខជាតិ។
- ផ្លូអែម ជា​ជាលិកា​នាំ​ដែល​ដឹកនាំ​អាហារ(គ្លុយកូស) ទៅ​គ្រប់​កោសិកា​ទាំងអស់​ដែល​មិន​អាច​ធ្វើ​រស្មីសំយោគ​បាន។
- នៅ​ចន្លោះ​ស៊ីឡែម និង​ផ្លូអែម​គឺ​ស្រទាប់មេ។ ស្រទាប់​មេ​ជា​ជាលិកា​ដែល​ផលិត​ស៊ីឡែម និង​ផ្លូអែមថ្មីៗ។

.ស្លឹក
ស្លឹក​ជា​សរីរាង្គ​ដែល​មាន​នាទី​ធ្វើ​រស្មី​សំយោគ​ដើម្បី​បង្កើត​សារធាតុ​សរីរាង្គ។
នៅ​ក្នុង​ស្លឹក​មាន​ស្រទាប់​ដូចជា​ស្រទាប់​អេពីឌែ​លើ ​និង​ក្រោម​ ស្រទាប់​បាលីសាត និង​ស្រទាប់ស្ពោត។ ស្រទាប់បាលីសាត​មាន​កោសិកា​ដែល​មាន​ក្លរ៉ូប្លាស​ផ្ទុក​ក្លរ៉ូភីល។ វា​មាន​នាទី​សំខាន់​ក្នុង​ដំណើរ​រស្មីសំយោគ​ដើម្បី​ផលិត​សារធាតុ​សរីរាង្គ​(គ្លុយកូស)។ ស្រទាប់​ស្ពោត​ផ្ទុក​បាច់​សរសៃ​នាំ (ស៊ីឡែម និង​ផ្លូអែម)​សម្រាប់​ដឹកនាំ​សារធាតុ​ផ្សេងៗ។ ស្រទាប់​អេពីឌែ​លើ​ និង​ក្រោម​មាន​នាទី​ការពារ​​ផ្ទៃ​ស្លឹក និង​ការ​បាត់​បង់​ទឹក​ច្រើន ហើយ​​មាន​ស្តូម៉ាត​សម្រាប់​បណ្ដូរ​ឧស្ម័ន និង​រំភាយ​ចំហាយ​ទឹក។

.សរីរាង្គ​បន្តពូជ
ផ្កា​ជា​សរីរាង្គ​ភេទ​របស់​រុក្ខជាតិ។ ផ្កា​មាន​ទំហំ រូបរាង និង​ពណ៌​ខុសៗ​គ្នា​តាម​​ប្រភេទ​នៃ​រុក្ខជាតិ។
ផ្នែក​ផ្សេងៗ​របស់​ផ្កា​មាន ត្របកផ្កា ស្រទាប់ផ្កា កញ្ចុំ​កេសរ​ឈ្មោល (ទង​កេសរ​ឈ្មោល និង​ប្លោក​លំអង) និង​កញ្ចុំ​កេសរ​ញី(ស្ទិចម៉ាត កកេសរ​ញី និង​អូវែ)
+ ត្របកផ្កា ស្ថិត​នៅ​ខាង​ក្រៅ​ស្រទាប់​ផ្កា​មាន​ពណ៌​ដូច​ស្លឹក ខ្លះ​ទៀត​មាន​ពណ៌​ឆើត។
+ ស្រទាប់​ផ្កា​ស្ថិត​នៅ​បន្ទាប់​ពី​ត្របក​ផ្កា​មាន​ពណ៌​ស្រស់​ឆើត​ឆាយ​សម្រាប់​ទាក់ទាញ​សត្វល្អិត​ជួយ​ដំណើរ​លំអង។
+ កញ្ចុំ​កេសរ​ឈ្មោល​មាន​ពីរ​ផ្នែក​គឺ​ប្លោក​លំអង និង​ទង​កេសរ​ឈ្មោល
- ទង​កេសរ​ឈ្មោល មាន​រាង​ជា​សរសៃ​ឆ្មារៗ។
- ប្លោក​លំអង មាន​រាង​ជា​ថង់​ស្ថិត​នៅ​ខាង​ចុង​ទង​កេសរ​ឈ្មោល​ មាន​នាទី​ផលិត និង​ផ្ទុក​គ្រាប់​លំអង។
+ កញ្ចុំ​កេសរ​ញី​មាន​បី​ផ្នែក​គឺ​ស្ទិចម៉ាត កេសរ​ញី និង​អូវែ។
- ស្ទិចម៉ាត​ស្ថិត​នៅ​ផ្នែក​កំពូល​នៃ​កញ្ចុំ​កេសរ​ញី មាន​ទំហំ​ធំ និង​មាន​សភាព​ស្អិត​សម្រាប់​ទទួល​គ្រាប់​លំអង។
- ក​កេសរ​ញី​ជា​ជើង​ទម្រ​របស់​ស្ទិចម៉ាត។
-អូវែ​ស្ថិត​នៅ​ផ្នែក​បាត​នៃ​កញ្ចុំ​កេសរ​ញី មាន​ទំហំ​ធំ ដែល​មាន​អូវុល​មួយ​ឬ​ច្រើន។ ផ្កា​មួយ​អាច​មាន​កេសរ​ញី​មួយ​ឬ​ច្រើន។
. ដំណើរ​លំអង
ដំណើរ​លំអងមានពីរបែបគឺ ស្វ័យដំណើរលំអង និងដំណើរលំអងកាត់

- ស្វ័យដំណើរលំអង : ជាការផ្ទេរគ្រាប់លំអងពីប្លោកលំអងទៅលើស្ទិចម៉ាតនៃផ្កា​រុក្ខជាតិតែមួយ
- ដំណើរលំអងកាត់ : ជាការផ្ទេរគ្រាប់លំអងពីប្លោកលំអងនៃ​ផ្ការុក្ខជាតិមួយ​លើស្ទិចម៉ាតនៃផ្កា​រុក្ខជាតិមួយ​ផ្សេង​ទៀត​ដែលស្ថិត​ប្រភេទ​តែ​មួយ។
ដំណើរ​លំអងប្រព្រឹត្តទៅដោយសារ ទឹក ខ្យល់ បក្សី មនុស្ស ប្រចៀវ ជ្រឹង សត្វល្អិត​(​មេអំបៅ ឃ្មុំ...)
ដំណើរ​លំអង​សិប្បនិម្មិត​ជា​ដំណើរ​លំអង​កាត់​ធ្វើ​ឡើង​ដោយ​មនុស្ស ដើម្បី​បង្កាត់​ពូជ​រុក្ខជាតិ​ថ្មី​ដែល​មាន​លក្ខណៈ​តាម​អ្វី​ដែល​​គេ​ចង់​បាន និង​សម្រាប់​ធ្វើ​ការ​ពិសោធ​បង្កាត់​រុក្ខជាតិ​ផ្សេងៗ។
សត្វ​ល្អិត​អាច​នាំ​គ្រាប់​លំអង​ដោយ​ការ​ទាក់ទាញ​របស់​ផ្កា។ ពេល​បាន​ឃើញ​ផ្កា​មាន​ពណ៌​ស្រស់ និង​ក្លិន​ក្រអូប សត្វល្អិត​ទៅ​ទំ​លើ​ផ្កា ដោយ​ត្រដុស​នឹង​ប្លោក​លំអង ហើយ​ក៏​ត្រូវ​គ្រាប់​លំអង​រោយ​ពាស​ពេញ​ខ្លួន។ ពេល​សត្វ​ល្អិត​ទំ​លើ​ផ្កា​មួយ​ទៀត គ្រាប់​លំអង​ដែល​ជាប់​នឹង​សត្វ​ល្អិត​ក៏​ធ្លាក់​លើ​ស្ទិចម៉ាត​នៃ​ផ្កា​នោះ។
. ការបន្តពូជ​របស់​អង់ស្យូស្ពែម
.កំណគ្រាប់លំអង(កំណ​មីក្រូស្ប៉)
ដំបូង​កោសិកា​មេ​នីមួយៗ មាន​ក្រូម៉ូសូម​ឌីប្លូអ៊ីត​ចែក​ខ្លួន​តាម​មេយ៉ូស​ផ្ដល់​បាន​កោសិកា​អាប្លូអ៊ីត​បួន​(មីក្រូស្ប៉) បន្ទាប់​មក​កោសិកា​អាប្លូអ៊ីត​នេះ ធ្វើ​ចំណែក​​តាម​មីតូស​មួយ​ដង ប៉ុន្តែ​កោសិកា​ដែល​រង​ចំណែក​មីតូស​នេះ​មិន​ដាច់​ចេញ​ពី​គ្នា​ទេ មាន​ន័យ​ថា​កោសិកា​មួយ​មាន​ណ្វៃយ៉ូ​ពីរ​គឺ ណ្វៃយ៉ូ​លូតលាស់​មួយ និង​​ណ្វៃយ៉ូ​បន្ត​ពូជ​មួយ​ដែល​មាន​ភ្នាស​ព័ទ្ធ​ជុំវិញ​បង្កើត​បាន​ជា​គ្រប់លំអង។
* មីតូស​ជា​លំនាំ​ដែល​ណ្វៃយ៉ូ​មេ​មួយ​ចែក​ខ្លួន​បាន​ណ្វៃយ៉ូ​កូន​ពីរដូច​គ្នា​បេះបិទ និង​ដូច​ទៅ​នឹង​ណ្វៃយ៉ូ​មេ។
* មេយ៉ូស​ជា​លំនាំ​ចំណែក​កោសិកា​ឌីប្លូអ៊ីត(2n) ពីរ​ដង​បន្តបន្ទាប់​បង្កើត​បាន​កោសិកា​អាប្លូអ៊ីត(n) ចំនួន​បួន។
.កំណ​ថង់អំប្រ៊ីយ៉ុង និង​កាម៉ែត​ញី
ថង់កំណ ឬ​ថង់​អំប្រ៊ីយ៉ុង​(កាម៉ែតូភីតញី) និង​កាម៉ែតញី​កើតឡើង​ដូច​ជា កោសិកា​​មេ​មួយ​នៃ​អូវុល​ចែក​ខ្លួន​តាម​មេយ៉ូស​ផ្ដល់​ស្ប៉​អាប្លូអ៊ីត​បួន តែ​ស្ប៉​បី​ត្រូវ​ងាប់ ហើយ​ស្ប៉​មួយ​ទៀត​រង​ចំណែក​មីតូស​បី​ដង​បន្តបន្ទាប់ ​បង្កើត​បាន​ជា​ថង់​កំណ​(កាម៉ែតូភីតញី) មាន​កោសិកា​ចំនួន 7 តែ​មាន​ណ្វៃយ៉ូ​ដល់​ទៅ 8 ក្នុង​នោះ​មាន​កោសិកា​ភេទ​ញី​ហៅថា​អូអូស៊្វែ នៅចន្លោះ​កណ្ដាល​កោសិកា​ស៊ីណែស៊ីត​ពីរ​ជាប់​នឹង​មីក្រូពីល។

 ចំពោះ​រុក្ខជាតិ អូវុល​មិនមែន​ជា​កាម៉ែត​ញី​ពីព្រោះ អូវុល​ជា​ទម្រង់​ពហុ​កោសិកា​ដែល​ផ្ទុក​កោសិកា​មេ​មួយ ហើយ​កោសិកា​មេ​នេះ​រង​ចំណែក​​មេយ៉ូស រួច​រង​ចំណែក​មីតូស​បី​ដង​បន្តបន្ទាប់ ដើម្បី​បង្កើត​ថង់​កំណ​ដែល​មាន​ផ្ទុក​កាម៉ែតញីឬ​អូអូស៊្វែ។
.៣ ការបង្កកំណើត
  ដំណុះ​គ្រាប់​លំអង : នៅ​ពេល​គ្រាប់​លំអង​ធ្លាក់​ជាប់​លើ​ស្ទិចម៉ាត វា​ក៏ដុះ​ពន្លក​​ឡើង​ដើម្បី​ពន្លូត​ខ្លួន​ចាក់​ចូល​ទៅ​ក្នុង​ជាលិកា​របស់​កេសរ​ញី​រហូត​ដល់​អូវុល។ ណ្វៃយ៉ូ​ទាំង​ពីរ​របស់​គ្រាប់​លំអង​ធ្វើ​ដំណើរ​ក្នុង​បំពង់​លំអង​។ ណ្វៃយ៉ូ​ទី 1 នៅ​ចុង​បំពង់​​ហាក់​ដូចជា​អ្នកនាំ​ដំណើរ​​លូតលាស់​នៃ​បំពង់​លំអងហើយ​វា​នឹង​រលាយ​បាត់​ទៅ​វិញ។ ណ្វៃយ៉ូ​ទី 2 ចែក​ខ្លួន​តាម​មីតូស​បាន​ជា​ស្ពែម៉ាតូសូអ៊ីត (ឬ​អង់តេរ៉ូសូអ៊ីត) ពីរ​​​ដែល​​គ្មាន​ប្លាសែល​។
ការបង្កកំណើតទ្វេ​ជា​ការ​បង្ក​កំណើត​របស់​រុក្ខជាតិ​មាន​ផ្កាពីរ​ដង​ក្នុង​ពេល​​តែ​មួយ។
ការ​បង្កកំណើតទ្វេ​ប្រព្រឹត្ត​ទៅ​ដូចជា​ណ្វៃយ៉ូ​បន្ត​ពូជ​ធ្វើ​ដំណើរ​តាម​បំពង់​លំអង​ហើយ​ចែក​ខ្លួន​តាម​មីតូស​បង្កើត​បានស្ពែម៉ាតូសូអ៊ីតពីរ។
 - ស្ពែម៉ាតូសូអ៊ីត​មួយ​ក្នុង​ចំណោម​ស្ពែម៉ាតូសូអ៊ីត​ទាំង​ពីរ​បង្កកំណើតជាមួយ​អូអូស្វ៊ែ​ឬ​កាម៉ែត​ញី​ដើម្បី​បង្កើត​បាន​ជា​ស៊ីកូត​ឌីប្លូអ៊ីត(2n) ​មួយ រួច​វា​នឹង​លូតលាស់​ជា​អំប្រ៊ីយ៉ុង។
- ស្ពែម៉ាតូសូអ៊ីត​មួយ​ទៀត​រលាយ​ជា​មួយ​ណ្វៃយ៉ូ​ប៉ូលែ ហើយ​បង្កើត​បាន​ជា​​អាល់ប៊ុយមែន​ទ្រីប្លូអ៊ីត (3n) ជា​ម៉ាស​កោសិកា​មួយ​ដែលមានផ្ទុកអាហារ​បម្រុង​។
* គ្រាប់លំអងមិនមែនជា​កាម៉ែតឈ្មោល​ពីព្រោះ គ្រាប់​លំអង​ជា​អ្នក​បង្កើត​កាម៉ែត​ឈ្មោល។ គ្រាប់​លំអង​ជា​កោសិកា​ដែល​មាន​ណ្វៃយ៉ូ​ពីរ​គឺ ណ្វៃយ៉ូ​លូតលាស់​ដែល​លូតលាស់​ទៅ​ជា​បំពង​លំអង​ចាក់​ចូល​អូវែ​រហូត​អូវុល និង​ណ្វៃយ៉ូ​បន្ត​ពូជ​ចែក​ខ្លួន​តាម​មីតូស​បង្កើត​បាន​កាម៉ែត​ឈ្មោល ឬ​ស្ពែម៉ាតូសូអ៊ីត​ឬ​អង់តេរ៉ូសូអ៊ីត​ចំនួន​ពីរ​ធ្វើ​ដំណើរ​​តាម​បំពង់​លំអង​ទៅ​ក្នុង​អូវុល។
* លក្ខណៈ​ពិសេស​ពីរ​យ៉ាង​របស់​រុក្ខជាតិ​អង់ស្យូស្ពែមគឺ មាន​ផ្កា​ដែល​ជា​សរីរាង្គ​ភេទ និង​គ្រាប់​ការពារ​ដោយ​សំបក។
* លក្ខណៈ​ពិសេស​នៃ​ការ​បង្ក​កំណើត​របស់​រុក្ខជាតិ​មាន​ផ្កាគឺ​ការ​បង្ក​កំណើត​​ទ្វេ។ នៅ​ពេល​ដែល​ស្ពែម៉ាតូសូអ៊ីត​ពីរ​ធ្វើ​ដំណើរ​តាម​បំពង់​លំអង​ចូល​​ដល់​ថង់​កំណ ស្ពែម៉ាតូសូអ៊ីត​មួយ​រលាយ​ជា​មួយ​អូអូស៊្វែ​បង្កើត​បាន​ជា​​ស៊ីកូត ដែល​នឹង​លូតលាស់​ទៅ​ជា​អំប៊្រីយ៉ុង និង​ស្ពែម៉ាតូសូអ៊ីត​មួយ​ទៀត​​​រលាយ ជាមួយ​ណ្វៃយ៉ូ​ប៉ូលែ​បង្កើត​បាន​អាល់ប៊ុយមែន​ទ្រីប្លូអ៊ីត​ផ្ទុក​អាហារ​​បម្រុង​ក្នុង​ពេល​តែ​មួយ។
.វដ្ដ​ជីវិត​របស់​រុក្ខជាតិ​មាន​ផ្កា
វដ្ដ​ជីវិត​នៃ​ការ​បន្ត​ពូជ​របស់​រុក្ខជាតិ​មាន​ផ្កា​មាន​ពីរ​ដំណាក់​គឺ ដំណាក់​ផ្កា និង ដំណាក់​គ្រាប់។ ក្នុង​ផ្កា​រុក្ខជាតិ​មាន​ប្លោក​លំអង​ដែល​ផលិត​គ្រាប់​លំអង។ ក្រោយ​ពេល​ចែក​ខ្លួន​តាម​មីតូស ណ្វៃយ៉ូ​ទី​២​របស់​​គ្រាប់​លំអង​បង្កើត​បាន​ស្ពែម៉ាតូសូអ៊ីត​ឬ​អង់តេរ៉ូសូអ៊ីត​ចំនួន​ពីរ។ អូវែ​ផ្ទុក​អូវុល។ ក្រោយ​មេយ៉ូស​កោសិកា​មេ​ក្នុង​អូវុល​បង្កើត​​បាន​ស្ប៉អាប្លូអ៊ីត​ចំនួន​បួន។ ក្រោយ​ពី​ស្ប៉​បី​ត្រូវ​ងាប់ មានតែ​ស្ប៉​មួយ​គត់​​ដែល​ចែក​ខ្លួន​បី​ដង​តាម​មីតូស ហើយ​បង្កើត​បាន​ជា​ថង​កំណ ដោយ​មាន​កោសិកា​ចំនួន ៧ តែ​​មាន​ណ្វៃយ៉ូ​ដល់ទៅ ៨។ ក្នុង​ថង់​កំណ​នេះ​មាន​អូអូស្វ៊ែ​ឬ​កាម៉ែត​ញី​មួយ​ដែល​បង្ក​កំណើត​ជា​មួយ​ស្ពែម៉ាតូសូអ៊ីត ហើយ​ផ្ដល់​ជា​ស៊ីកូត រួចលូត​លាស់​ជា​អំប្រ៊ីយ៉ុង។ អំប្រ៊ីយ៉ុង​ស្ថិត​នៅ​ក្នុង​គ្រាប់​ដែល​​ការពារ​ដោយ​សំបក។ គ្រាប់​ដុះ​បង្កើត​បាន​ជា​កូន​រុក្ខជាតិ​ថ្មី។

. ប្រៀបធៀប​ម៉ូណូកូទីលេដូន​ និង​ឌីកូទីលេដូន
រុក្ខជាតិ​ស៊ីណូស្ពែម​ចែក​ជា​ពីរ​ក្រុមធំៗ​គឺ​ម៉ូណូកូទីលេដូន និង​ឌីកូទីលេ​ដូន។ រុក្ខជាតិ​ម៉ូណូកូទីលេដូន​មាន : ពោត ស្រូវ ស្រូវសាលី និង​រុក្ខជាតិ​មួយ​ចំនួន​ទៀត​ដូចជា​ផ្កា​លីលី...។ 
រុក្ខជាតិ​ម៉ូណូកូទីលេដូន មាន​លក្ខណៈ​សម្គាល់​ដូចជា គ្រាប់​មាន​កូទីលេដុង​មួយ ស្លឹក​មាន​ទ្រនុង​ស្រប ដើម​មាន​បាច់​សរសៃ​នាំ​រាយប៉ាយ ផ្កា​មាន 3ស្រទាប់ ឬ​មេគុណ 3 និង​ឫស​ជា​ឫស​ស្ញែ។
រុក្ខជាតិ​ឌីកូទីលេដូន​មាន​លក្ខណៈ​សម្គាល់​ដូចជា គ្រាប់​មាន​កូទីលេដុង​ពីរ ស្លឹក​មាន​ទ្រនុង​បែក​ខ្នែង ដើម​មាន​បាច់​សរសៃ​នាំ​ជា​រង្វង់ ផ្កា​មាន45ស្រទាប់​ ឬ​មេគុណ45 និង​ឫស​ជា​ឫស​កែវ។

. ផល​ប្រយោជន៍​របស់​រុក្ខជាតិ​មាន​គ្រាប់
សារប្រយោជន៍​របស់​ស្រល់ គឺ​អាច​យក​ទៅ​ផលិត​ក្រដាស​ប្រើប្រាស់ ធ្វើ​គ្រឿង​សង្ហារិម ចំហុយ​ធ្វើ​ជា​ប្រេង​សម្រាប់​លាប​ឈើ​ឬ​ផ្ទះ យក​ទៅ​ធ្វើ​គ្រឿង​សំណង់ គ្រាប់​ជា​អាហារ​របស់​សត្វ​កកេរ និង​បក្សី​មួយ​ចំនួន។
រុក្ខជាតិ​អង់ស្យូស្ពែម​មាន​ប្រយោជន៍​ដូចជា​ប្រភព​អាហារ​ដ៏​សំខាន់ ផលិត​សំពត់ ក្រដាស ឱសថ​ព្យាបាល​ជំងឺ ធ្វើ​ជា​គ្រឿង​ប្រើប្រាស់ គ្រឿង​សំណង់ គ្រឿង​សង្ហារិម​ល្អ​ប្រណិត និង​ជា​ពិសេស​ផ្ដល់​អុកស៊ីសែន​ដែល​ជា​ផលិតផល​រស្មី​សំយោគ​សម្រាប់​ជីវិត​សត្វ និង​មនុស្ស។ ឧទាហរណ៍
- ត្រឡាច ល្ពៅ ត្រប់​... ជា​ប្រភព​បន្លែ​សម្រាប់​បរិភោគ។
- គគីរ ឈើទាល បេង កកោះ ... អាច​យក​ទៅ​ធ្វើ​គ្រឿង​សំណង់​ និង​គ្រឿង​សង្ហារិម​ផ្សេង​ៗ។
- សរសៃ​អំបោះ​បាន​មក​ពី​កប្បាស។
- ជ័រកៅស៊ូ​យក​ទៅ​ស្ល​ក្នុង​រោងចក្រ​សម្រាប់​ធ្វើ​ជា​កង់​រថយន្ត។

    Choose :
  • OR
  • To comment
1 comment:
Write comments
  1. Hard Rock Hotel & Casino | MapYRO
    Get directions, 충청남도 출장샵 reviews and information for Hard Rock Hotel & Casino in Oxnard, 군산 출장마사지 California. 양주 출장안마 강원도 출장샵 Hard 김천 출장안마 Rock Hotel & Casino is the official name of the band.

    ReplyDelete